ជ្រើសរើសភាសា: Khmer Khmer English English
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញ​ចំណាប់​អារម្មណ៍​វិនិយោគ​លើការដំឡើង​រោងចក្រ​ផលិត​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ នៅ​ក្នុង​ប្រទេសកម្ពុជា
អ្នកនិពន្ធ: sophearak_sun
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦

    នាល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាត​ឱ្យ លោក Fu Laifa នាយក​ទទួល​បន្ទុក​កិច្ចការ​អាស៊ីអាគ្នេយ៍ នៃ​ក្រុមហ៊ុន Fujian Jinlu Daily Chemical Co., Ltd. ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាស​នៃការអញ្ជើញ​បំពេញ​ទស្សន​កិច្ច​ការងារ និង​ចូលរួម​សន្និសីទ​ពិភព​លោក​ស្តីពី​បញ្ញា​សិប្បនិម្មិត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
    
    ក្នុងឱកាសនៃជំនួប, លោក Fu Laifa បានគោរពជម្រាបជូនសម្ដេចធិបតី អំពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយគូសបញ្ជាក់ថា ក្រុមហ៊ុនជាសហគ្រាសកម្មន្តសាលឈានមុខមួយ ក្នុងការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ រួមមាន៖ ថ្នាំសម្លាប់សត្វល្អិត,សាប៊ូបោកខោអាវ, ក្រដាសអនាម័យ និងសម្ភារៈផ្ទះបាយជាច្រើនប្រភេទទៀត។ ជាមួយគ្នានោះ, លោក Fu Laifa បានគោរពជម្រាបជូនបន្ថែមថា ដោយមើលឃើញពីសក្កានុពលដ៏រឹងមាំរបស់កម្ពុជា, ក្រុមហ៊ុនមានបំណងបោះទុនវិនិយោគលើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះនៅក្នុងប្រទេសកម្ពុជា។

    ជាការឆ្លើយតប, សម្ដេចធិបតី​បាន​សម្ដែង​នូវការស្វាគមន៍​ចំពោះ​បំណងរ​បស់​ក្រុមហ៊ុន​ក្នុងការ​ស្វែងរក​ឱកាស​វិនិយោគ​នៅកម្ពុជា។ សម្ដេចធិបតី​បាន​គូស​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុងយក​ចិត្តទុក​ដាក់ខ្ពស់ ក៏​ដូចជា​ជំរុញ​លើកទឹក​ចិត្ត​ដល់​ការផលិត​ក្នុងស្រុក ដើម្បី​កាត់​បន្ថយ​ការពឹង​ផ្អែក​លើការ​នាំចូល​ផលិតផល​ទាំងស្រុង​ពី​ក្រៅប្រទេស ដែលការណ៍នេះ គឺស្របគ្នា​ទៅនឹង​ចំណាប់​អារម្មណ៍​របស់ក្រុមហ៊ុន​ក្នុង​ការវិនិយោគ​លើ​ការបង្កើត​ខ្សែច្រវាក់​ផលិតកម្ម​សម្ភារៈ​ប្រើប្រាស់​ក្នុងផ្ទះ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក។ លើស​ពីនេះ​ទៅទៀត, ប្រសិន​បើគម្រោង​វិនិយោគនេះ​ទទួល​បាន​ជោគជ័យ និងរីកចម្រើន, ក្រុមហ៊ុន​មិនត្រឹមតែ​អាចឆ្លើយតប​នឹង​តម្រូវការទីផ្សារ​កម្ពុជា​នោះទេ ប៉ុន្តែ​ថែមទាំង​អាចឈាន​ទៅដល់​ការនាំចេញ​ផលិតផល​សម្រេច​របស់ខ្លួន​ទៅកាន់​ទីផ្សារបណ្ដា​ប្រទេស​នានា​ក្នុងតំបន់ ថែមទៀតផង។

    ជាទីបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីប្រែក្លាយបំណងវិនិយោគនេះឱ្យលេចចេញជារូបរាងជាក់ស្ដែងនៅកម្ពុជា៕

ព័ត៌មានទាក់ទង